នេះជាប្រវត្តិលោក P ដែលជាអ្នកព្យាបាលតាមបែបបុរាណខ្មែរ។ តាំងពីគាត់នៅក្មេង គាត់មិនដែលធ្លាប់ជឿលើរុក្ខឱសថ នោះទេ។ ថ្ងៃមួយ លោកP ក៏កើតជម្ងឺរាគរូស និងបានប្រើប្រាស់ថ្នាំបែបទំនើប រយៈពេល២ទៅ៣ថ្ងៃ ប៉ុន្តែជម្ងឺរាគរូសរបស់លោក មិនបាត់ទៅណាសោះ។ ហេតុដូច្នេះ ទើបលោកសម្រេចចិត្តប្រើ រុក្ខឱសថជាលើកដំបូង ដោយបានប្រើត្រឡោកដូងសម្រាប់ដាំថ្នាំ។ លោក P និយាយថា ក្រោយពីលោកបានប្រើរុក្ខឱសថហើយ លោកក៏បានធូរស្បើយពីជម្ងឺរាគរូសនេះ។ លោកក៏បានចាប់ផ្ដើមជឿជាក់លើរុក្ខឱសមេះថ និងបានស្រាវជ្រាវបន្ថែមពីវា មកដល់ឥឡូវ។ បច្ចុប្បន្ន លោកគឺជាអ្នកព្យាបាលតាមបែបបុរាណខ្មែរ (Khmer Guru)។

យោងទៅលើសាច់រឿងរបស់លោក P ពួកយើងប្រាកដជាមានសំណួរជាច្រើន ទាក់ទងនឹងប្រសិទ្ធិភាពនៃរុក្ខឱសថបុរាណ និងឱសថវិទ្យាសាស្រ្តបែបទំនើប ដូចជា៖

  • តើរវាង រុក្ខឱសថនិងឱសថវិទ្យាសាស្រ្តបែបទំនើប មួយណាដែលមានប្រសិទ្ធិភាព?
  • តើមានលក្ខណៈខុសគ្នាដូចម្ដេចខ្លះរវាង រុក្ខឱសថបុរាណ និងឱសថវិទ្យាសាស្រ្តបែបទំនើប?

រុក្ខឱសថ កើតចេញពីទិដ្ឋភាពវេជ្ជសាស្រ្តនៃចំណេះដឹងតាមបែបបុរាណ ដែលបានវិវត្ត ទៅតាមជំនាន់ តាមរយៈជំនឿ នៅក្នុងសង្គមនីមួយៗ រួមទាំងសង្គមជនជាតិដើមភាគតិច មុនការរកឃើញឱសថបែបទំនើប។ អង្គការសុខភាពពិភពលោក (WHO) បានឲ្យនិយមន័យឱសថបុរាណនេះ ថាជាការបូកបញ្ចូល នៃចំណេះ ជំនាញ ព្រមទាំង ការអនុវត្ត ផ្អែកតាមទ្រឹស្ដី ជំនឿ និងបទពិសោធន៍ ចេញពីវប្បធម៍ខុសៗគ្នា។  ជាឱសថ ដែលប្រើសម្រាប់ ទ្រទ្រង់សុខភាព ការពារ ធ្វើរោគវិនិច្ឆ័យ និងពង្រឹងការព្យាបាលជម្ងឺ ផ្នែករាងកាយ​ និងខួរក្បាល។ រុក្ខឱសថនេះ ជាធម្មតាតែងតែ មានភាពផ្ទុយគ្នាពីឱសថវិទ្យាសាស្រ្ត។

នៅក្នុងប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី​ និងអាហ្វ្រិក ប្រជាជនរហូតដល់ទៅ៨០% អាស្រ័យលើរុក្ខឱសថនេះ សម្រាប់តម្រូវការថែទាំសុខភាពចម្បងរបស់ពួកគេ។ របៀបនៃការថែទាំសុខភាព ត្រូវបានជ្រើសរើស ដោយផ្អែកតាម វប្បធម៌ប្រពៃណីរបស់ខ្លួន ដោយរុក្ខឱសថនវ ត្រូវបានចាត់ទុកថាជាទម្រង់មួយនៃការព្យាបាល។

ប្រហែលជា 100 ឆ្នាំមុន រុក្ខឱសថគឺជាឱសថចម្បងសម្រាប់ព្យាបាលជំងឺ។ ឱសថទំនើបភាគច្រើន ក៏មានសារធាតុផ្សំពីរុក្ខជាតិដែរ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានសិក្សាលើសារធាតុផ្សំទាំងនេះ ដោយប្រុងប្រយ័ត្ន និងបានដកចេញនូវសារធាតុមិនល្អចេញពីគ្រឿងផ្សំទាំងនោះ មុននឹងផលិតវាទៅជាឱសថទំនើប។

ទោះជាយ៉ាងណាក៏ដោយ ភ័ស្តុតាងវិទ្យាសាស្ត្រនៅមានកម្រិត ក្នុងការបញ្ជាក់ពី សុវត្ថិភាពនិងប្រសិទ្ធភាព នៃផលិតផលរុក្ខឱសថភាគច្រើន។ ទន្ទឹមនឹងការប្រើប្រាស់យ៉ាងទូលំទូលាយនៃឱសថសំយោគ រុក្ខ​​​​​​​​​​ឱសថ និងការព្យាបាលបែបប្រពៃណីផ្សេងទៀត មានការកាត់បន្ថយយ៉ាងខ្លាំង។ ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ វិសាលគមនៃជំងឺបានផ្លាស់ប្តូរ ហើយជំងឺរ៉ាំរ៉ៃដ៏ស្មុគស្មាញបានក្លាយជា បញ្ហាប្រឈម។ ដោយឡែក ប្រសិទ្ធភាពនៃការព្យាបាលតាមវេជ្ជសាស្រ្ដបែបលោកខាងលិច គឺអាចផ្ដល់ផលគាប់ចិត្តនោះទេ ហើយបញ្ហានៃការប្រតិកម្មថ្នាំ ក៏លេចធ្លោខ្លាំងដូចគ្នា ។ ដូច្នេះ ទម្រង់នៃការព្យាបាលផ្សេងទៀត ជាពិសេសរុក្ខឱសថ បានទទួលការចាប់អារម្មណ៍កាន់តែច្រើន និងកាន់តែមានប្រជាប្រិយភាព។

  • បញ្ហាសុវត្ថិភាព នៃរុក្ខឱសថ។ ទន្ទឹមនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃការប្រើប្រាស់រុក្ខឱសថ នៅទូទាំងពិភពលោក សុវត្ថិភាពរបស់វា ត្រូវបានក្លាយជាប្រធានបទដែលត្រូវចាប់អារម្មណ៍។ បច្ចុប្បន្ននេះ មានការយល់ច្រលំ និងការរើសអើង ចំពោះសុវត្ថិភាពរបស់ រុក្ខឱសថនេះ។ ដូច្នេះ ការយល់ដឹង ដោយមិនលំអៀង និងយុត្តិធម៌ ព្រមទាំងការផ្សព្វផ្សាយជាសាធារណៈ ត្រូវតែបានធានា។
  • “រុក្ខឱសថ គឺជាថ្នាំ មិនមែនជាអាហារនោះទេ”។ យ៉ាងណាមិញ អ្នកតស៊ូមតិ នឹងផ្សព្វផ្សាយថា រុក្ខឱសថនេះ មានប្រភពមកពីធម្មជាតិ ជាការព្យាបាលបែបបៃតង ដែលមិនមានជាតិពុល ឬផលប៉ះពាល់ ហើយមនុស្សក៏អាចទទួលទានវា ក្នុងរយៈពេលវែងផងដែរ។ ទាំងនេះហើយ ជាពាក្យស្លោក ដែលបានបំភាន់ពលរដ្ឋ ដែលមានការយល់ដឹងផ្នែកវេជ្ជសាស្រ្តតិច ព្រមទាំងនាំឱ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើន ដោយការប្រើប្រាស់ឱសថខុស។ ម្យ៉ាងវិញទៀត វា​បណ្ដាលឲ្យ ​មនុស្ស​មានការភ័យ បារម្ភ ​ដោយសារ​មានការរាយការណ៍ពីរឿងរ៉ាវ​មិនល្អ​មួយចំនួន​។ យើងគួរទទួលស្គាល់ថាផលិតផលរុក្ខឱសថ ត្រូវបានចាត់ទុកថាមានហានិភ័យទាបជាង បើធៀបនឹងថ្នាំសំយោគ។ យ៉ាងណាមិញ លទ្ធភាពនៃការពុល ឬផលប៉ះពាល់អវិជ្ជមាននៃផលិតផលឱសថរុក្ខជាតិនេះ មិនអាចគ្មានសោះនោះទេ។ យ៉ាងណាក៏ដោយ ការ​ឃោសនា​បំផ្លើស​ និងការ​ឈប់ប្រើប្រាស់ តាមការផ្សព្វផ្សាយ ​ អាចជាការ​រើសអើងទៅ​នឹងរុក្ខឱសថនេះ​។ ដូច្នេះ ដើម្បីធានាបាននូវការប្រើប្រាស់ប្រកបដោយសុវត្ថិភាពនៃផលិតផលរុក្ខឱសថ រុក្ខឱសថគួរតែត្រូវបានគ្រប់គ្រងដូចជាថ្នាំ។
  • ការស្រាវជ្រាវមូលដ្ឋានមានភាពខ្សោយ ស្ដីពីសុវត្ថិភាពនៃរុក្ខឱសថ។ ក្នុងឆ្នាំ 2010 83 ប្រភេទនៃឱសថចិន Materia Medica ត្រូវបានកត់ត្រាជាផ្លូវការ និងកំណត់ថាជាសារធាតុពុល។ ឱសថនេះ ត្រូវបានគេចាត់ថ្នាក់ជាបីប្រភេទ៖ ឱសថកម្រិតពុលខ្ពស់ ឱសថកម្រិតពុលមធ្យម និងឱសថកម្រិតពុលទាប។ ប្រសិទ្ធភាព និងកម្រិតនៃជាតិពុលរបស់ឱសថនេះ ភាគច្រើន យោងលើចំណេះដឹងតាមបែបប្រពៃណី និងបទពិសោធន៍នៃការព្យាបាល។ ការបែងចែកកម្រិតជាតិពុល មានការខ្វះខាតស្តង់ដារវិទ្យាសាស្ត្រ និងទិន្នន័យកម្មវត្ថុនៃការពិសោធន៍។ ក្រៅពីនេះ មិនមានទិន្នន័យគ្រប់គ្រាន់អំពីឱសថពុល សរីរាង្គដែលពុល កម្រិតថ្នាំសុវត្ថិភាព កម្រិតថ្នាំដែលមានប្រសិទ្ធភាព និងកម្រិតអប្បបរមានៃថ្នាំពុលនោះទេ។ ដូច្នេះ ការបញ្ជាក់អំពីជាតិពុល និងផលប៉ះពាល់នៃរុក្ខឱសថនីមួយៗ គឺជាមូលដ្ឋានដ៏រឹងមាំមួយ ដើម្បីធានាបាននូវការប្រើប្រាស់ប្រកបដោយសុវត្ថិភាព នៃរុក្ខឱសថនេះ។

ឱសថទំនើប គឺជាវិទ្យាសាស្ត្រ និងការអនុវត្តនៃការថែទាំអ្នកជំងឺ ការគ្រប់គ្រងការធ្វើរោគវិនិច្ឆ័យ ការព្យាករណ៍ ការការពារ ការព្យាបាល ការកាត់បន្ថយរបួស ឬជំងឺរបស់ពួកគេ និងការលើកកម្ពស់សុខភាពរបស់ពួកគេ។ វេជ្ជសាស្រ្ដរួមបញ្ចូល នូវការអនុវត្តការថែទាំសុខភាពផ្សេងៗ ដែលត្រូវបានវិវត្ត ដើម្បីរក្សា និងស្តារសុខភាពឡើងវិញតាមរយៈការបង្ការ និងការព្យាបាលជំងឺ។ ឱសថសម័យបច្ចុប្បន្ន ត្រូវបានអនុវត្ត ក្នុងវិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រ ការស្រាវជ្រាវជីវវេជ្ជសាស្ត្រ ហ្សេនេទិក និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ ដើម្បីធ្វើរោគវិនិច្ឆ័យ ព្យាបាល និងទប់ស្កាត់ ការរងរបួស និងជំងឺ ដែលជាធម្មតាតាមរយៈការធ្វើឱសថសាស្ត្រ ឬការវះកាត់ និងព្រមទាំងតាមរយៈការព្យាបាលផ្សេងទៀតដូចជា ការព្យាបាលចិត្តសាស្ត្រ ការប្រើប្រាស់ឧបករណ៍ទប់ទម្រង់ឆ្អឹង ឧបករណ៍វេជ្ជសាស្រ្ត ជីវសាស្ត្រ និងការឆក់។

បច្ចុប្បន្ន ជំហររបស់គ្រូពេទ្យ និងអ្នកស្រាវជ្រាវ ត្រូវតែងាកទៅរកការការពារ និងព្យាបាល។ ម្យ៉ាងទៀត អាយុរស់រានមានជីវិតរបស់មនុស្ស គឺជាបញ្ហាប្រឈមដ៏ធំមួយ របស់ឱសថទំនើប។ ភាពជឿនលឿននៃវ៉ាក់សាំងសម្រាប់ជំងឺលើសឈាម ទឹកនោមផ្អែម មហារីកជាដើម ព្រមទាំងការធ្វើសមាធិ ហាត់យូហ្គា សាកសមនឹងទទួលបានការយកចិត្តទុកដាក់ ពីមនុស្ស ដែលអាចជួយទប់ស្កាត់ជំងឺនៅក្នុងកម្រិតណាមួយ ។  ក្រៅពីនេះ មានការចាំបាច់ក្នុងការសិក្សាបន្ថែមលើការផ្លាស់ប្ដូរទម្លាប់រស់នៅ និងវិធីអាយុវែងលើសពី១០០ឆ្នាំ ដើម្បី ស្វែងរកអ្វីដែលជួយឱ្យមនុស្សអាយុវែង​ ដោយសុខភាពល្អ។ ដូច្នេះ មានភាពចាំបាច់ ក្នុងការសិក្សាដិតដល់ លើទម្រង់ឱសថបំពេញបន្ថែម និង ជំនួស ដើម្បីស្វែងរកគំរូសមស្របណាមួយដែលអាចមាន លុបបំបាត់ចំណុចអវិជ្ជមាន ឆ្ពោះទៅការថែទាំវេជ្ជសាស្រ្តទូទៅ។

សូម​មើល​ឧទាហរណ៍​ពិត​នៃ​អាយុ​សង្ឃឹម​រស់ ជាភស្តុតាងមូលដ្ឋាននៃឱសថបុរាណនិងទំនើប ដែលបានបង្ហាញពីអាយុសង្ឃឹមរស់ ចាប់តាំងពីឱសថទំនើបដំបូងត្រូវបានណែនាំនៅក្នុងសតវត្សទី 18 ហើយបន្តរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ ពោលមុនសតវត្សទី 18 គឺគេចាំបាច់ត្រូវប្រើឱសថបុរាណដើម្បីព្យាបាលជំងឺផ្សេងៗ។

បើយើងប្រៀបធៀបអាយុមនុស្សដែលមានស្តង់ដាររស់នៅសមរម្យ ទៅនឹងស្តង់ដារនៃការរស់នៅខ្ពស់ មុនសតវត្សទី 18៖

ដោយកម្ពុជា មិនមានឯកសារពីអាយុសង្ឃឹមរស់ ប៉ុន្តែយើងអាចយកព្រះមហាក្សត្រ ដែលបានថែទាំសុខភាពទ្រង់ យ៉ាងល្អបំផុត ជាឧទាហរណ៍

  • ​ព្រះបាទ​ច័ន្ទ​រាជា សោយ​ទិវង្គត​ក្នុង​ព្រះជន្មាយុ៥០ ព្រះវស្សា (១៥១៦-១៥៦៦);
  • ព្រះអង្គឌួង សោយទីវង្គតក្នុងព្រះជន្មាយុ ៦៤ ព្រះវស្សា (១៧៩៦-១៨៦០);
  • និង ឧកញ៉ា សុត្តន្ត ព្រៃជាឥន្ទ បានទទួលមរណភាពក្នុងជន្មាយុ ៦៥ឆ្នាំ (១៨៦៩-១៩២៤)

បញ្ច្រាសមកវិញ យើងឃើញថា ចាប់តាំងពីការវិវត្តន៍ឥតឈប់ឈរនៃឱសថសម័យទំនើបមក អាយុសង្ឃឹមរស់របស់កម្ពុជា ក៏ត្រូវបានបង្កើនជាងមុន ។ ក្នុងសតវត្សទី 20 អាយុសង្ឃឹមរស់ ជាមធ្យមគឺចន្លោះពី 70 ទៅ 75 ឆ្នាំ តួយ៉ាង ព្រះបាទនរោត្តមសីហនុបានសោយទីវង្គតក្នុងព្រះជន្មាយុ 89 ព្រះវស្សា (1922-2012) ។

រុក្ខឱសថ ត្រូវបានគេរិះគន់ ពីសក្តានុពលនៃការបង្កគ្រោះថ្នាក់  គុណភាពមិនគួរឱ្យទុកចិត្ត ព្រមទាំងសក្តានុពល នៃការនាំឲ្យផ្ដល់ដំបូន្មានសុខភាពខុសជាដើម។ ក្រៅពីនេះ នៅលើពិភពលោក មិនមានស្តង់ដារ ដើម្បីវាស់ សុវត្ថិភាព ឬប្រសិទ្ធភាព របស់រុក្ខឱសថ នោះទេ។ ជាទូទៅ មិនមានការស្រាវជ្រាវវិទ្យាសាស្ត្រ ណាដែលបញ្ជាក់ ពីគុណភាពខ្ពស់លើសមាសភាពផលិតផល ឬប្រសិទ្ធភាពនៃសកម្មភាពប្រឆាំងនឹងជំងឺនោះទេ។ ការសន្មតនៃអត្ថប្រយោជន៍ព្យាបាលរបស់ផលិតផលរុក្ខឱសថ ដោយគ្មានភស្តុតាងច្បាស់លាស់នៃប្រសិទ្ធភាព និងសុវត្ថិភាព ទទួលបានទស្សនៈមិនច្បាស់លាស់ពីអ្នកវិទ្យាសាស្ត្រ។

ការអនុវត្តដែលគ្មានសីលធម៌ដោយគ្រូពេទ្យឱសថបុរាណ និងអ្នកផលិតមួយចំនួន រួមទាំងការផ្សាយពាណិជ្ជកម្មមិនពិត អំពីអត្ថប្រយោជន៍សុខភាព នៅលើស្លាកផលិតផល ព្រមទាំង ការចម្លងរោគ ឬការប្រើប្រាស់សារធាតុបំពេញ អំឡុងពេលផលិត អាចបំផ្លាញទំនុកចិត្តរបស់ អ្នកប្រើប្រាស់អំពីសេវាកម្ម និងផលិតផល។

អង្គការសុខភាពពិភពលោក (WHO) ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) មានការយកចិត្តទុកដាក់ពី សុខភាពសាធារណៈអន្តរជាតិ ដោយបានបោះពុម្ពវិធីសាស្រ្តត្រួតពិនិត្យគុណភាពសម្រាប់សម្ភារៈនៃរុក្ខឱសថក្នុងឆ្នាំ 1998 ដើម្បីគាំទ្រដល់ប្រទេសរដ្ឋសមាជិករបស់អង្គការWHO ក្នុងការបង្កើតស្តង់ដារគុណភាព និងលក្ខណៈបច្ចេកទេសសម្រាប់វត្ថុធាតុដើមឱសថ ក្នុងបរិបទទាំងមូលនៃការធានាគុណភាព និងការគ្រប់គ្រងរុក្ខឱសថ។

នៅសហភាពអឺរ៉ុប (EU) រុក្ខឱសថ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ គណៈកម្មាធិការស្តីពីផលិតផល រុក្ខឱសថ។

ចំណែក នៅសហរដ្ឋអាមេរិក រុក្ខឱសថ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ រដ្ឋបាលចំណីអាហារ និងឱសថ (FDA) ក្រោមគោលការណ៍ការអនុវត្តផលិតកម្មល្អ (cGMP) ស្ដីពីអាហារបំប៉ន។ អ្នកផលិតនៅក្នុងប្រភេទនេះ មិនត្រូវបានតម្រូវឱ្យបញ្ជាក់ពីសុវត្ថិភាព ឬប្រសិទ្ធភាពនៃផលិតផលរបស់ពួកគេនោះទេ ដរាប ពួកគេមិនបញ្ជាក់ ការប្រើប្រាស់ក្រៅពីជា ‘អាហារបំប៉ន’ ។ ទោះជាយ៉ាងណាក៏ដោយ FDA អាចនឹងបញ្ឈប់ការលក់ផលិតផលផងដែរ ប្រសិនបើវាបង្ហាញថាមានគ្រោះថ្នាក់។

ដោយឡែក ចំពោះបទប្បញ្ញត្តិរបស់ប្រទេសកាណាដាវិញ ស្ថិតក្រោមនាយកដ្ឋានផលិតផលសុខភាពធម្មជាតិនិងមិនមានវេជ្ជបញ្ជា ដែលតម្រូវឱ្យមានលេខផលិតផលធម្មជាតិចំនួនប្រាំបីខ្ទង់ ឬលេខឱសថ Homeopathic នៅលើស្លាករុក្ខឱសថដែលមានអាជ្ញាប័ណ្ណ ឬអាហារបំប៉ន៕